
តើឲ្យខ្ញុំយកទឹកចិត្តស្នេហា និងភក្ដីភាពរបស់ខ្ញុំចំពោះនាងនេះទៅគ្រវែងចោលនៅទីណា? ខ្ញុំជឿថា សូម្បីតែមហាសមុទ្រ មហាមេឃ ក៏មិនទទួលយកទឹកចិត្តស្នេហាអស់សង្ឃឹមរបស់ខ្ញុំនេះដែរ! ខ្ញុំសែនស្ដាយ ទឹកចិត្តស្នេហារបស់ខ្ញុំចំពោះនាងដែលខំរក្សាទុករាប់ឆ្នាំ ទីបំផុតក្លាយជាការស្រមៃដែលគ្មានថ្ងៃក្លាយទៅជាការពិតទៅវិញ។ តើខ្ញុំត្រូវទ្រាំរស់ក្នុងក្ដីទុក្ខវេទនាបែបនេះពេញមួយជីវិតឬ?….
តើមានបុរសប៉ុន្មាននាក់ដែលធ្លាប់បានប្រើពាក្យអស់ទាំងនេះ? ទំហំនៃការឈឺចាប់ និងអស់សង្ឃឹម តើអាចនឹងពិពណ៌នាប្រាប់អ្នកណាបានទៅ? មិនត្រូវការឲ្យអ្នកណាមួយដឹងមកសើចចំអក ឬមកលួងលោមទាំងអស់ ព្រោះបេះដូងបងពេលនេះគឺត្រូវការតែអូន!
នេះជាសម្រែកដ៏ឈឺចាប់របស់បុរសម្នាក់ដែលបានលង់ស្រលាញ់បុប្ផាលើទឹកដីអង្គរទាំងដឹងហើយថាវិបត្តិជាតិសាសន៍ និងការឃ្លាតឆ្ងាយពីគ្នា ពីប្រទេសមួយទៅប្រទេសមួយបានធ្វើឲ្យស្នេហារបស់គេក្លាយជាស្នេហាតែម្ខាងតែប៉ុណ្ណោះ!
…….ត្រឹង បានត្រឡប់មកកាន់តំបន់ទេសចរណ៍អង្គរវត្តរបស់ប្រទេសកម្ពុជាសារជាថ្មីម្ដងទៀត តែលើកនេះ កំពូលស្ថាបត្យកម្មប្រាង្គប្រាសាទបុរាណដ៏ល្បីរន្ទឺរបស់ខ្មែរ ពុំមែនជាគោលដៅសម្រាប់បេះដូងគេជាទេសចរវៀតណាមម្នាក់នោះទេ គឺគេមកស្វែងរកជួបនារីម្នាក់។
កាលពីពីរឆ្នាំកន្លងទៅ នាងជាមគ្គុទ្ទេសក៍ទេសចរណ៍ដែលបាននាំត្រឹងទស្សនាប្រាសាទអង្គរវត្ត និងរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រជាច្រើនទៀតនៅសៀមរាប។
រយៈពេលមួយថ្ងៃ គឺខ្លីជាងមួយនាទីដែលប្រុសម្នាក់បានជួបស្រីស្រស់ម្នាក់។ គ្រប់យ៉ាងបានតម្រូវឲ្យត្រឹងឃ្លាតឃ្លាទៅវិញ ទាំងបេះដូងប្រឡាក់ជាប់ស្លាកស្នាមស្នេហ៍លើនារីខ្មែរដ៏សោភា លុបយ៉ាងណាក៏ពុំជ្រះ ដូចដួងព្រះចន្ទថ្លាប្រឡាក់ស្នាមខ្មៅជានិរន្តរដែរ។
នាងជានារីរាងតូចស្រឡូន រង្វង់មុខមូលពេញលំអដោយស្នាមញញឹមប៉ប្រិមដូចដួងខែចុងខ្នើត។ វាចានាងរាបសា ផ្អែមល្ហែមគួរឲ្យចង់ស្ដាប់។
លក្ខណៈទន់ល្វតល្វៃរបស់នាងទាំងនេះបានបើកប្រអប់ដួងចិត្តត្រឹង ដើម្បីផ្ទុកស្នេហាមិនបានព្រាងទុកមួយ។ ការលួចស្រឡាញ់អ្នកណាតែម្នាក់ឯង វាជាសុបិនដ៏ផ្អែមផងចត់ផង។ អ្វីៗអាចជាក្តីសង្ឃឹម ប៉ុន្តែក៏អាចជា អាវុធបង្កើតការឈឺចាប់ ព្រោះតែនឹករឭកដែរ។
ទឹកស្នេហានេះបានចាក់បំពេញស្រះបេះដូងត្រឹង គ្មានទឹកស្នេហាណាផ្សេងទៀតអាចចាក់ចូលបានឡើយ។ ក្រៅពីបុប្ផាកម្ពុជាមួយទងនេះ បុប្ផាទាំងឡាយស្រអាប់ពណ៌អស់សោភ័ណភាពសម្រាប់កែវភ្នែកត្រឹង។
តាំងពីថ្ងៃនោះមក ត្រឹងតែងតែអន្ទះសាចង់មកកម្ពុជាម្ដងទៀត ដើម្បីជួបនារីជាទីស្រឡាញ់ដ៏ជ្រាលជ្រៅនោះ។ គេចង់ឃើញមុខនាង ចង់ស្ដាប់វាចានាង ពិសេសចង់និយាយអ្វីដែលគេចង់និយាយប្រាប់នាង នោះគឺភាសាស្នេហាដ៏បរិសុទ្ធចេញពីដួងចិត្តរបស់គេ។ គេប្រាថ្នាចង់ឲ្យនាងមេត្តាដល់រូបគេ ផ្ដល់នូវអំណោយពិសេសមួយ ដូចមហាមេឃផ្ដល់រស្មីដួងចន្ទ្រដប់ប្រាំកើតដល់ភពផែនដី នោះគឺដួងស្នេហា។ ពីមួយថ្ងៃទៅមួយថ្ងៃ គេជាប់រវល់រហូត ទុកឲ្យពេលវេលាផ្ដល់ឲ្យនូវលំនឹកដល់អតីតកាលគួរជាទីចំបែងចិត្តក្រៃលែង។
ឥឡូវ គេបានមកដល់អង្គរវត្តដូចបំណងហើយ ទីកន្លែងដដែលនេះនៅតែសំបូរអ្នកទេសចរចម្រុះជាតិសាសន៍ដូចមុនដដែល ប៉ុន្តែបាត់ស្រមោលនារីដែលគេប្រាថ្នាចង់ជួបនោះទៅហើយ។ ត្រឹងស៊ើបសួរដំណឹងនាងពីមគ្គុទ្ទេសក៍ទេសចរណ៍ពីម្នាក់ទៅម្នាក់ រាប់ទាំងបុរសកំពុងតែនាំផ្លូវគេនេះផង តែគ្មាននរណាដឹងនាងទៅទីណាទេ។
ត្រឹងអស់សង្ឃឹមរលីងថានឹងបានជួបនាង។ គេដើរតាមមគ្គុទ្ទេសក៍ទេសចរណ៍ទាំងធ្ងន់ខ្លួនស្ទើរបោះជំហាន ទៅមុខលែងរួច។ អារម្មណ៍គេនឹកស្រមៃនូវអនុស្សាវរីយគួរស្រណោះខ្លោចផ្សាដល់កាលពីពីរឆ្នាំមុន ដែលនារីទងវងម្នាក់នោះនាំគេទស្សនាអង្គរវត្តដ៏ល្អប្រណីតគ្មានពីរ។ សម្រាប់រូបគេ អ្វីៗសល់តែស្រមោលកំដរបេះដូងក្រៀមក្រោះកំព្រាឯកា និងអស់សង្ឃឹម។
កំពុងតែដើរ ស្រាប់តែក្មេងស្រីជាអ្នកដើរលក់វត្ថុអនុស្សាវរីយម្នាក់មកដល់ ហើយបញ្ចុះបញ្ចូលត្រឹងឲ្យជួយទិញរបស់នាង។ ត្រឹងស្ម័គ្រជួយទិញរូបចម្លាក់អប្សរាសាងពីស្ពាន់តូចមួយពីក្មេងស្រីតូចនេះ ដោយគេចង់ទាញយកឱកាសសាកសួរនាងផង ផ្សងក្រែងនាងស្គាល់នារីដែលគេចង់ជួបនោះ។ សំណាងល្អ ដូចរកឧសប្រទះឈើងាប់ ក្មេងស្រីនេះស្គាល់នារីម្នាក់នោះច្បាស់ណាស់ ព្រោះនារីនោះកាលពីនៅធ្វើជាមគ្គទេសក៍ទេសចរណ៍មានសន្ដានចិត្តល្អ ជួយណែនាំភ្ញៀវឲ្យទិញវត្ថុអនុស្សាវរីយរបស់នាង។
ក្មេងស្រីតូចនេះស្ម័គ្រចិត្តជូនត្រឹងទៅកាន់លំនៅឋាននារីម្នាក់នោះនៅជាយក្រុងសៀមរាប។ ពួកគេទាំងពីរនាក់បានជិះរថយន្តឈ្នួលទៅ។ ពេលទៅដល់គោលដៅហើយ ត្រឹងបានឲ្យក្មេងស្រីនោះត្រឡប់ទៅវិញតាមរថយន្តដដែល ដោយគេបានដកយកលុយមួយចំនួនពីក្នុងកាបូបដៃ ហុចទៅឲ្យនាងជាសគុណ តែត្រូវនាងបដិសេធក្នុងហេតុផលជួយជូនគេមកដោយសុទ្ធចិត្ត។ ត្រឹងបានថ្លែងអំណរគុណដល់ក្មេងស្រីមានចិត្តល្អគួរឲ្យស្រឡាញ់នេះ។
លំនៅឋានរបស់នារីមគ្គុទ្ទេសក៍ទេសចរណ៍សង់ពីថ្មល្អប្រណីតស្ថិតក្នុងដីឡូត៍មួយធំទូលាយ។ ឃើញលំនៅ ឋាននេះ ត្រឹងនឹកបារម្ភខ្លាចច្រឡំ ព្រោះនារីមគ្គុទ្ទេសក៍ទេសចរណ៍ដែលគេធ្លាប់ស្គាល់នោះបានប្រាប់គេថា នាងស្នាក់នៅបន្ទប់ជួលតូចមួយ។
នៅឈររារែកបន្តិច ទើបគេសម្រេចចិត្តចុចកណ្ដឹង។ បន្តិចមក ទ្វាររបងរបើកលេចយុវនារីរូបស្អាតម្នាក់នៅ ចំពោះមុខត្រឹង។ គ្រាន់តែឃើញភ្លាម គេរំភើបរីករាយចិត្តឥតឧបមា គឺនាងនេះហើយដែលគេស្វែងមករកជួប ដោយនៅចំណាំបានយ៉ាងច្បាស់ ថ្វីបើពេលវេលាឃ្លាតឃ្លារំលងមកជាងពីរឆ្នាំហើយក៏ដោយ។
នារីក្មេងលើកដៃសំពះជម្រាបសួរភ្ញៀវ ទាំងអារម្មណ៍នឹកថាហាក់ដូចជាធ្លាប់ស្គាល់គេនៅទីណាម្ដង។ ស្របពេលនោះ ត្រឹងឧទានហៅចំឈ្មោះនាងជាភាសាវៀតណាម៖
«កល្យាណ! នៅចាំខ្ញុំបានទេ ខ្ញុំគឺត្រឹងណា!»
និម្មិតឮសំដីនេះ កល្យាណនឹកឃើញភ្លាមថា ត្រឹងគឺជាទេសចរដែលនាងធ្លាប់ជួបកាលពីពីរឆ្នាំមុននោះ។ នាងញញឹមស្រស់ស្រាយ ទទួលរាក់ទាក់ភ្ញៀវ៖
«អូ! ខ្ញុំនឹកឃើញហើយបងត្រឹង! មិននឹកស្មានសោះថាបងប្រុសមករកខ្ញុំឃើញនៅទីនេះ។»
រួចនារីស្អាតក៏អញ្ជើញភ្ញៀវទៅអង្គុយលេងនៅកន្លែងសម្រាប់លំហែកណ្ដាលសួនច្បារ។ អ្នកទាំងពីរអង្គុយ ទល់មុខគ្នាដែលនៅចន្លោះពួកគេគឺតុមូល។ ខណៈនោះ នារីម្ចាស់ផ្ទះបានស្រែកហៅស្ត្រីបម្រើឲ្យយកផ្លែឈើ និងទឹកបរិសុទ្ធដាក់ទទួលភ្ញៀវ។
ក្នុងជំនួបដ៏កម្រនេះ ភ្ញៀវ និងម្ចាស់ផ្ទះបានថ្លាថ្លែងសួរសុខទុក្ខ និងថ្លែងពីទឹកចិត្តនឹករឭកចំពោះគ្នារៀងៗខ្លួន។ ម្នាក់ៗប្រកបដោយទឹកមុខរីកថ្លាដូចបុប្ផាក្នុងសួន។
អស់មួយសន្ទុះធំហើយ ត្រឹងដឹងថាបរិយាកាសស្ថិតក្នុងការចាប់ផ្ដើមគួរជាទីរីករាយ។ រឿងបន្តទៀតជារឿងដ៏សំខាន់ដែលគេបានគិតទុករួចហើយតាំងពីវៀតណាមមក។
យុវជនដែលបេះដូងរបស់គេទាមទាររកសេចក្ដីស្នេហានេះ ខំតាំងចិត្តជាថ្មីដើម្បីមានភាពក្លាហានហ៊ាននិយាយចេញមកនូវអ្វីដែលគេចង់និយាយទៅកាន់នារីនៅចំពោះមុខគេបង្កើយនេះ។ ដំបូង គេសំដែងកិរិយាហាក់ដូចជាស្ទាក់ស្ទើរបន្តិច ហើយត្រូវកល្យាណសំគាល់ដឹង។ នាងញញឹមដាក់ភ្ញៀវកំលោះទាំងវាចារាបសា៖
«បងប្រុសមានរឿងអ្វីចង់និយាយជាមួយខ្ញុំ សូមនិយាយមកចុះ បងប្រុសកុំខ្លាចក្រែងចិត្តអីណា។»
ត្រឹងញញឹម ហើយខំរៀបពាក្យពោលមួយៗ៖
«កល្យាណ! ពេលវេលាកាលពីពីរឆ្នាំមុនបានតម្រង់ផ្លូវខ្ញុំឲ្យជួបនាង។ ពេលនោះ នាងបាននាំខ្ញុំដើរទស្សនាអង្គរវត្ត មិនតែប៉ុណ្ណោះនាងនាំខ្ញុំទៅបង្ហាញសួនរំលេចដោយបុប្ផាស្នេហារីកល្អត្រចង់ ធ្វើឲ្យខ្ញុំគាប់ចិត្តក្រៃលែង។ រយៈពេលជាងពីរឆ្នាំកន្លងផុតទៅហើយ បុប្ផាស្នេហានោះនៅតែរីកល្អត្រចង់ដដែលក្នុងបេះដូងខ្ញុំ។ បុប្ផាស្នេហា! បុប្ផាប្រណីតនោះគឺរូបអូន! សូមទោស! ពេលនេះបេះដូងរបស់ខ្ញុំរំជួលខ្លាំងណាស់! ខ្ញុំ…ខ្ញុំសូមសារភាពប្រាប់អូនថា ខ្ញុំពេញចិត្តអូន ស្រឡាញ់អូន គឺស្រឡាញ់ដោយស្មោះត្រង់ ប្រាថ្នាជាគូជីវិតនឹងគ្នា! នារីឧត្ដម! ខ្ញុំចង់បានចម្លើយរបស់អូន តើអូនទទួលយកទឹកចិត្តស្នេហាដ៏ជ្រាលជ្រៅរបស់ខ្ញុំនេះទេ ទោះជាយ៉ាងណាក្ដីខ្ញុំសង្ឃឹមថាអូននឹងមេត្តាខ្ញុំ។»
ឮវាចានេះ នារីស្អាតភ្ញាក់ផ្អើលក្នុងចិត្តយ៉ាងខ្លាំង ហើយនាងប្រែទឹកមុខស្រពោនមួយរំពេច។ នាងពិបាកឆ្លើយនឹងសំណួររបស់បុរសប្រាថ្នាក្ដីស្នេហ៍ដ៏គួរឲ្យអាណិតនេះណាស់ ដូច្នេះហើយនាងនៅស្ងៀមទាំងក្ដីចំបែងចិត្ត។
ឃើញនាងមានអាការៈបែបនេះ ត្រឹងសង្ខើញសួរ៖
«ម៉េចក៏អូនមិនឆ្លើយ អូនមិនពេញចិត្តសំដីរបស់ខ្ញុំឬ?»
នារីក្មេងសម្លឹងមុខបុរសនៅចំពោះមុខនាង ដោយពន្លឺភ្នែកស្រពោន។ ពាក្យពេចន៍ស្នេហាធ្វើឲ្យដួងចិត្តនារីរំភើបបន្តិចបន្តួច។ នាងមានហេតុផលដែលមិនអាចផ្ដល់ក្ដីសង្ឃឹមឲ្យគេបាន ហើយវាជាតម្លៃ ជាកិត្តិយសដែលស្ត្រីខ្មែរជាទូទៅសុទ្ធតែបែបនេះ។ នាងកាត់ចិត្តពោលមួយៗយ៉ាងសោះកក្រោះ៖
«បងប្រុសអើយ! ហ៊ឺ! រយៈពេលពីរឆ្នាំកន្លងផុតហើយ ទូកចាកកំពង់ ផ្ការីកហើយរោយ…តើខ្ញុំនៅសេសសល់សេចក្ដីស្នេហាឯណាសម្រាប់បង?! បងប្រុស! ខ្ញុំមិនស្អប់ខ្ពើមបងទេ ប៉ុន្តែសូមបងទប់ចិត្ត ទប់អារម្មណ៍ណា ខ្ញុំសូមជម្រាបបងថាខ្ញុំមិនមែនជានារីនៅទំនេរទេ ខ្ញុំមានប្ដី មានកូនរួចទៅហើយ! បងប្រុស! ខ្ញុំសូមអរគុណចំពោះបងដែលមានទឹកចិត្តស្នេហាជ្រាលជ្រៅមកលើរូបខ្ញុំ ប៉ុន្តែខ្ញុំមានតែក្ដីអាណិតស្រណោះផ្ដល់ជូនចំពោះបងវិញប៉ុណ្ណោះ។»
គ្រាន់តែស្ដាប់វាចាអស់សង្ឃឹមនេះចប់ភ្លាម ត្រឹងប្រែទឹកមុខក្រៀមខ្លោចស្ទើរចង់យំ។ គេស្ទុះក្រោកឈរ ក្ដាប់ដៃស្រែកខ្លាំងៗ៖
« ពុទ្ធោអើយ! ហេតុអីខ្ញុំខានស្ដាប់ចម្រៀងស្នេហារីករាយ ហើយត្រូវមកអង្គុយស្ដាប់វិយោគកថាស្នេហានេះទៅវិញ? ហេតុអីខ្ញុំសំណាងអាក្រក់ម្ល៉េះ?»
រួចគេអង្គុយចុះវិញ ទាំងយកដៃទាំងពីរខ្ញាំសក់ក្បាលខ្លួនឯង។ គេនៅស្ងៀមបន្តិច ទើបពោលបន្ធូរដោយសំឡេងយ៉ាងសោះកក្រោះ៖
«តើឲ្យខ្ញុំយកទឹកចិត្តស្នេហា និងភក្ដីភាពរបស់ខ្ញុំចំពោះរូបនាងនេះទៅគ្រវែងចោលនៅទីណា? ខ្ញុំជឿថា សូម្បីតែមហាសមុទ្រ មហាមេឃ ក៏មិនទទួលយកទឹកចិត្តស្នេហាអស់សង្ឃឹមរបស់ខ្ញុំនេះដែរ! ខ្ញុំសែនស្ដាយ ទឹកចិត្តស្នេហារបស់ខ្ញុំចំពោះនាងដែលខំរក្សាទុករាប់ឆ្នាំ ទីបំផុតក្លាយជាការអស់សង្ឃឹមទៅវិញ! តើខ្ញុំត្រូវទ្រាំរស់ក្នុងក្ដីទុក្ខពេញមួយជីវិតឬ?»
នារីមានម្ចាស់ខំធ្វើទឹកមុខឲ្យស្រស់បស់វិញ ហើយខំរិះរកពាក្យពេចន៍ល្អៗមកលួងលោមបុរសខកស្នេហ៍៖
«បងប្រុស! សូមបងកុំទន់ជ្រាយពេក! បងជឿចុះ ពេលវេលានឹងជួយព្យាបាលរបួសក្នុងបេះដូងរបស់បងបាន។ ស្លឹកឈើចាស់ជ្រុះបាត់ទៅ ស្លឹកថ្មីនឹងលាស់មកជំនួសវិញ។ ខ្ញុំសូមជូនពរបងសូមឲ្យថ្ងៃក្រោយបានជួបនារីដ៏ល្អប្រពៃម្នាក់ធ្វើជាគូគ្រងអស់មួយជីវិត។»
ពេលនេះសម្រាប់ត្រឹង អ្វីៗអាប់អន់រស្មីអស់ទៅហើយ។ ក្នុងចិត្តគេនៅសល់តែភាពឈឺផ្សា អស់សង្ឃឹម ប៉ុណ្ណោះ។ បុប្ផាក្នុងសួនទាំងឡាយហាក់ដូចជាកំពុងរីកឆើតឆាយ សើចចំអកឲ្យដួងចិត្តអស់សង្ឃឹមរឿង ស្នេហារបស់គេ។ ខ្យល់ជំនោរនាវេលាល្ងាចនេះ ជួយបបោសអង្អែលសំបករាងកាយគេ តែរឹបអូសយកក្ដីប្រាថ្នាស្នេហារបស់គេទៅឆ្ងាយផុតជើងមេឃ មិនអាចត្រឡប់ក្រោយវិញបានឡើយ។ ក្នុងស្ថានភាពបែបនេះ ទោះជានារីដ៏ស្លូតបូតនៅចំពោះមុខ គេខំពោលលួងលោមយ៉ាងណា ក៏គេស្ដាប់មិនចូលដែរ។ គេពោលបដិសេធសំដីនាង៖
«ខ្ញុំដឹងថានាងខំលួងលោមខ្ញុំ ខ្ញុំសូមអរគុណ! ប៉ុន្តែខ្ញុំជឿថា ពេលវេលាមិនអាចជួយខ្ញុំបានទេ បេះដូងខ្ញុំនឹងដំបៅអស់មួយជីវិត! ណ្ហើយចុះ! ខ្ញុំសូមលានាងសិនហើយ គឺលាអស់មួយជីវិត គ្មានថ្ងៃជួបទៀតទេ!»
ថារួច គេស្ទុះបោះជំហានក្រោកដើរចេញទៅយឺតៗ ធ្ងន់ដោយសេចក្ដីអស់សង្ឃឹម និងដួងចិត្តចំបែងខ្លោចផ្សា។ គេនឹកខឹងខ្លួនឯងដែលបណ្ដែតបណ្ដោយឲ្យពេលវេលារសាត់ទៅវែងឆ្ងាយយ៉ាងនេះ ហើយក្លាយជាចៅក្រមកាត់សេចក្ដីឲ្យគេព្រាត់និរាសពីនារីដែលគេស្រឡាញ់សឹងស្លាប់ គួរស្ដាយស្រណោះអាឡោះអាល័យក្រៃលែង។ បើសិនជាគេប្រញាប់វិលត្រឡប់មកជួបនាង ម្ល៉េះគេមានសង្ឃឹមញញឹមទទួលយកសេចក្ដីស្នេហានេះទៅហើយ។
យុវជនស្រពោននឹកស្ដាយសែនស្ដាយកាយតូចស្រឡូន ប្រែជាគេខកខានគ្មានសំណាងបានថ្នាក់ថ្នមបមបីលើសយនាអប់ក្លិនផ្កាម្លិះ។ គេនឹកស្រមៃថា បើសិនជាគេបានរួមលំនៅ រួមជីវិត រួមដួងចិត្តជាមួយនាង ដើម្បីស្ដាប់សូរសៀងស្នេហាពីរោះរណ្ដំ ម្ល៉េះជីវិតគេមានន័យ មានសុភមង្គលយ៉ាងណាទេ។
រាត្រីបិទភ្នែកគេងក្នុងភពរនោច បក្សីបាក់ស្លាប ទឹកហូរឆ្ងាយគ្មានត្រឡប់… សម្រាប់យុវជននេះ ក្ដីស្នេហា របស់គេសល់តែក្ដីស្រមើស្រមៃស្រងេះស្រងោចខ្លោចដួងចិត្ត ។
នារីមានប្ដីក្រោកឈរសម្លឹងយុវជនខកស្នេហ៍ពីក្រោយទាំងដួងចិត្តស្រពោននឹកអាណិតរូបគេដែលខំស្កាត់មកពីឆ្ងាយដើម្បីនាង ខំស្រឡាញ់នាង តែនាងមិនអាចជួយបំពេញបំណងគេបាន។ អាពាហ៍ពិពាហ៍ជាចំណងចងភ្ជាប់រូបនាងទៅបុរសម្នាក់ទៀត ហើយវាបានបន្សុទ្ធដួងចិត្តរបស់នាងសម្រាប់តែស្នេហានេះមួយគត់។ ភក្ដីភាពមានតម្លៃស្មើជីវិតខ្ពង់ខ្ពស់ជាងវេហា ហើយនាងបានប្រគល់ជូនគូជីវិតរបស់នាងរួចហើយ។ ពេលនេះចិត្តរបស់នាងសម្រាប់បុរសមិនមែនស្វាមីខ្លួន សល់តែការរាប់អានប៉ុណ្ណោះ។ បេះដូងរបស់នាងគ្មាននៅសល់ស្នេហាមួយចម្រៀកតូចណាសម្រាប់បុរសផ្សេងក្រៅពីស្វាមីឡើយ។
នៅទ្រឹងបន្តិចមក កល្យាណស្រូតដើរទៅតាមក្រោយត្រឹងបំណងជូនដំណើរគេ និងបើកទ្វារឲ្យផង។ ស្របពេលនោះ មានសំឡេងរថយន្តឈប់នៅក្បែរទ្វាររបង នាងស្ទុះរត់ទៅបើកទ្វារភ្លាម។
រថយន្តបានបើកទៅឈប់នៅចំណត។ បុរសសង្ហាម្នាក់បានបើកទ្វារចេញមកក្រៅ ព្រមទាំងបីក្មេងស្រីតូច អាយុមួយឆ្នាំផង។ គេឈ្មោះវណ្ណសក្ដិ ជាជនជាតិឡាវ និងជាស្វាមីរបស់កល្យាណ។
គ្រានោះ កល្យាណឃាត់ត្រឹងឲ្យនៅត្រង់មាត់ទ្វារសិន ហើយនាងប្រញាប់ដើរទៅជួបប្ដី។ នាងរៀបរាប់ត្រួសៗប្រាប់ប្ដីពីវត្តមានរបស់ភ្ញៀវប្រុសម្នាក់នោះ។ យល់សេចក្ដីហើយ បុរសជាស្វាមីងក់ក្បាលញញឹម។ គេហុចកូនទៅឲ្យភរិយាពម្ដង រួចដើរតម្រង់ទៅជួបត្រឹង។
ពេលទៅដល់ជិតគ្នា ស្វាមីរបស់កល្យាណលើកដៃសំពះជម្រាបសួរភ្ញៀវទាំងទឹកមុខញញឹមស្រស់ស្រាយ ពោលពាក្យជាភាសាឡាវ៖
«ជម្រាបសួររលោក!»
កល្យាណដែលដើរមកជិតអ្នកទាំងពីរ បានបកប្រែសំដីនេះជាភាសាវៀតណាមឲ្យត្រឹងស្ដាប់។ ត្រឹងឃើញកាយវិការរាក់ទាក់របស់ប្ដីកល្យាណបែបនេះ គេលើកដៃសំពះតបវិញទាំងស្ទាក់ស្ទើរ។
វណ្ណស័ក្ដិ ពោលទៅកាន់ត្រឹងឆ្លងតាមការបកប្រែរបស់ភរិយា៖
«តាមរយៈភរិយារបស់ខ្ញុំ ខ្ញុំបានដឹងហើយចំពោះការមកដល់របស់លោកនៅទីនេះ។ ដោយមិនគិតរឿងអ្វីទាំងអស់ ខ្ញុំសូមចាត់ទុករូបលោកជាភ្ញៀវពិសេសរបស់ក្រុមគ្រួសារខ្ញុំ!»
ត្រឹងពោល៖
« ខ្ញុំសូមអរគុណចំពោះសន្ដានចិត្តដ៏ល្អរបស់លោកចំពោះរូបខ្ញុំ។ ឥឡូវខ្ញុំសូមលាអ្នកទាំងពីរសិនហើយ…។»
វណ្ណស័ក្ដិពោលកាត់ ៖
« សូមលោកកុំទាន់អាលអញ្ជើញទៅអី! និយាយតាមត្រង់ ខ្ញុំមិនចង់ឲ្យភ្ញៀវទេសចរណាម្នាក់មកដល់កម្ពុជាហើយ រាប់ទាំងលំនៅឋានរបស់ខ្ញុំផង ត្រឡប់ទៅវិញទាំងដួងចិត្តមួហ្មងនោះទេ។ ក្នុងនាមជាមិត្ត ឬជាបងប្អូនម្នាក់ ខ្ញុំសូមអញ្ជើញលោកទទួលទានអាហារពេលល្ងាចជុំគ្នាជាមួយក្រុមគ្រួសារខ្ញុំម្ដង។»
កល្យាណពោលបន្ថែម៖
«មែនហើយ យើងចង់ឲ្យបងប្រុសនៅទទួលទានជុំគ្នាជាមួយក្រុមគ្រួសារខ្ញុំនាល្ងាចនេះ បងប្រុសកុំខ្លាចចិត្តអីណា។»
បានស្ដាប់សំដីរួសរាយរាក់ទាក់របស់ប្ដីប្រពន្ធនេះ ត្រឹងធូរស្រាលក្នុងចិត្តបន្តិច ប៉ុន្តែគេនៅតែខ្លាចបរិយាកាសនៅទីនេះ ហើយចង់ចាកចេញឲ្យឆ្ងាយ។ គេពោលបដិសេធ៖
«ខ្ញុំយល់ពីសន្ដានចិត្តអ្នកទាំងពីរ តែឥឡូវល្ងាចណាស់ហើយ ខ្ញុំចង់ទៅរកកន្លែងសម្រាក។ ថ្ងៃក្រោយ បើមានឱកាសចាំខ្ញុំឆ្លៀតមកលេង។
វណ្ណស័ក្ដិពោល៖
«ខ្ញុំដឹងថាលោកនៅតែខ្លាចចិត្តពួកយើង។ សូមលោកចាត់ទុកពួកយើងដូចជាបងប្អូន ឬមិត្តភ័ក្ដិ ហើយនៅទទួលទានជុំគ្នានាល្ងាចនេះណា។»
ទាល់ច្រកពេក ត្រឹងងក់ក្បាលទទួលយកសំណូមពរនេះទាំងទើសទាល់។ ប្ដីប្រពន្ធនេះអញ្ជើញភ្ញៀវទៅអង្គុយជុំគ្នានៅកន្លែងដដែល។ បន្ទាប់មកកល្យាណ និងស្ត្រីអ្នកបម្រើបានលើកម្ហូបអាហារយកទៅរៀបចំនៅលើតុ។ ម្ហូបអាហារច្រើនមុខសុទ្ធតែពិសេស រួមមានទាំងស្រាខ្មែរពិសេសមួយដបផង។
អ្នកទាំងបីនាំគ្នាទទួលទាន។ រសជាតិស្រាខ្មែរធ្វើឲ្យពួកគេស្រវឹងស្រឿងៗ។ វណ្ណស័ក្ដិញញឹមដាក់ត្រឹង ហើយត្រឹងបានឆ្លើយតបដោយបែបនេះវិញ។ វណ្ណសក្ដិចាប់ផ្ដើមពោល៖
«ខ្ញុំរីករាយណាស់ចំពោះការផ្ដល់កិត្តិយសរបស់លោកមកទទួលទានអាហារជុំគ្នាជាមួយក្រុមគ្រួសារខ្ញុំ។»
«ខ្ញុំក៏រីករាយណាស់ដែរចំពោះក្រុមគ្រួសាររបស់លោក ដែលផ្ដល់កិត្តិយសដល់រូបខ្ញុំឲ្យទទួលទានជុំគ្នានៅទី នេះ។ » ត្រឹងតប។
វណ្ណសក្ដិពោល៖
«ខ្ញុំស្រឡាញ់បរិយាកាសបែបនេះណាស់! ខ្ញុំដឹងថាថ្ងៃនេះ លោកមិនសប្បាយចិត្តទាល់តែសោះ ប៉ុន្តែខ្ញុំចង់ ឲ្យលោកត្រលប់ជារីករាយវិញ ដោយបំភ្លេចរឿងសៅហ្មងទាំងឡាយ។ និយាយតាមត្រង់ខ្ញុំ និងភរិយាចង់រាប់អានរូបលោកទុកដូចជាបងប្រុស។»
នារីជាភរិយាពោលសង្កត់ន័យបន្ថែម៖
«មែនហើយ! យើងខ្ញុំទាំងពីរនាក់ពិតជាមាននិស្ស័យ ចង់រាប់អានបងទុកដូចជាបងប្រុសបង្កើត។ ខ្ញុំជឿថាបងប្រុសនឹងយល់ពីទឹកចិត្តរបស់យើងខ្ញុំ។ បងប្រុស! ករណីខ្លះស្នេហាត្រូវបែកបាក់ ប្រេះឆាពីគ្នាបាន ប៉ុន្តែចំពោះភាពជាភាតរនៅតែរឹងមាំជាអមតដដែល។»
«បងប្រុស! នេះជាសំណើស្មោះត្រង់របស់ប្ដីប្រពន្ធខ្ញុំចំពោះបង ឥឡូវដល់វេនបងប្រុសឆ្លើយហើយ តើបងប្រុសពេញចិត្តទេ?»
ត្រឹងរំភើបរីករាយ និងកក់ក្ដៅយ៉ាងខ្លាំងចំពោះវាចាដ៏ប្រណីតរបស់ម្ចាស់ផ្ទះទាំងពីរនាក់នេះ។ បរិយាកាសនេះ ធ្វើឲ្យគេរសាយអស់ភាពអាប់អួមួហ្មងនៅក្នុងចិត្ត ហើយត្រឡប់ជារីករាយវិញ។
គេញញឹមដាក់បុរស និងស្ត្រីប្ដីប្រពន្ធដើម្បីបញ្ជាក់នូវភាពរីករាយ និងទទួលយកសំណើរបស់អ្នកទាំងពីរ។ គេពោលមួយៗរាបសាទន់ភ្លន់៖
«ចាត់ទុកដូចជាភ័ព្វសំណាងមួយដែរ ដែលបងបានមកជួបមនុស្សល្អដូចជាប្អូនទាំងពីរនាក់។ សូមឲ្យល្ងាចនេះក្លាយជាទិវាអនុស្សាវរីយដ៏ពិសេសមួយ គឺបងព្រមទទួលយកភាពជាបងរបស់ប្អូនទាំងពីរនាក់។ ពីថ្ងៃនេះ តទៅ គឺយើងជាបងប្អូននឹងគ្នាណា។»
ពីរនាក់ប្ដីប្រពន្ធងាកសម្លឹងមើលមុខគ្នាញញឹមញញែម ព្រោះពេញចិត្តសំដីរបស់ត្រឹងយ៉ាងខ្លាំង។ វណ្ណសក្ដិ ពោល៖
«ធម៌សន្តិភាពបានបង្រួបបង្រួមពួកយើងជាអ្នកទីទៃពីគ្នាសោះឲ្យក្លាយជាបងប្អូននឹងគ្នា។ មែនហើយ ភាពជាបងប្អូននឹងគ្នាមិនចាំបាច់ទាល់តែកើតចេញពីផ្ទៃម្ដាយរួមគ្នានោះទេ គឺអាចកើតចេញពីផ្ទៃមនោសញ្ចេតនា ស្រឡាញ់រាប់អានគ្នាដោយស្មោះត្រង់។»
«នៅពេលភាតរភាពកើតឡើងសម្រាប់យើងទាំងបីនាក់ សេចក្ដីគុំកួន ការចងចិត្តស្អប់គ្នា នឹងរលាយអស់ទៅ! ពួកយើងនឹងរស់នៅក្នុងភាពសុខដុមជានិរន្តរ។» កល្យាណពោល។
ដល់វេនត្រឹងពោលបន្ត៖
«ពេលនេះបងដឹងច្បាស់ណាស់ មិនចាំបាច់ទាល់តែរួមគ្រែខ្នើយទើបអាចប្រគំបទភ្លេងរីករាយបាននោះទេ ចំណងភាតរភាពមានតម្លៃខ្ពស់កប់ពពក។ បងជាអ្នកចាញ់ក្នុងរឿងស្នេហា តែបងត្រូវតែបូជាការបរាជ័យដ៏សែនឈឺចាប់ អស់សង្ឃឹមនេះក្នុងភ្លើងភាតរភាព។ ក្នុងនាមជាបងប្រុសរបស់ប្អូនទាំងពីរ បងសូមជូនពរឲ្យក្ដីស្នេហ៍របស់ពួកប្អូននៅតែមានជីវិតរស់រានប្រកបដោយភាពរុងរឿងសុភមង្គលជាអមត។»
គូស្នេហ៍លើកដៃសំពះទទួលពរពីបងប្រុសរបស់ពួកគេ៖
«យើងខ្ញុំសូមអរគុណបងប្រុស។»
បន្តិចម្ដងៗ បរិយាកាសកាន់តែរីករាយស្និទ្ធស្នាលខ្លាំងឡើងសម្រាប់អ្នកទាំងបី ហាក់ដូចជាមនុស្សស្គាល់គ្នាជិតដិតច្រើនឆ្នាំមកហើយ។
ក្នុងគ្រានោះ បំណាច់រាប់អានគ្នាជាបងប្អូនទៅហើយ ត្រឹងស្រេកឃ្លានចង់ដឹងប្រវត្តិស្នេហ៍របស់ប្អូនទាំងពីរ នាក់ ដូចជនដាច់សង្វែងស្រេកឃ្លានអាហារ។ គូស្នេហ៍នេះរីករាយនឹងបើកប្រអប់អតីតកាលនិទានប្រវត្តិស្នេហ៍របស់ពួកគេប្រាប់បងប្រុសដោយគ្មានលាក់លៀម។ ពួកគេនិទានផ្លាស់ប្ដូរគ្នាម្ដងម្នាក់ជាហូរហែតាមលំដាប់លំដោយនៃសាច់រឿង។
កាលនោះនាវេលារសៀល កល្យាណមគ្គុទ្ទេសក៍ទេសចរណ៍ម្នាក់ក្នុងចំណោមមគ្គុទ្ទេសក៍ទេសចរណ៍ជាច្រើននាក់ប្រចាំនៅប្រាសាទអង្គរវត្ត បាននាំអ្នកទេសចរជនជាតិឡាវម្នាក់ គឺវណ្ណសក្ដិដើរទស្សនាប្រាសាទបុរាណមរតករបស់ដូនតាខ្មែរនេះ។ ជំនួបនេះក្រោយជំនួបរបស់នាងជាមួយត្រឹងរយៈពេលប្រាំមួយខែ។
ពីមួយកន្លែងទៅមួយកន្លែង វណ្ណសក្ដិមិននឿយណាយ ឬអស់កម្លាំងឡើយ ព្រោះកាយវិការរស់រវើក វាចាផ្អែមល្ហែម និងវង់ភក្ត្រថ្លាស្រទន់របស់មគ្គុទ្ទេសក៍ទេសចរណ៍ក្រមុំប្រៀបបានឱសថសក្ដិសិទ្ធិម្យ៉ាងញ៉ាំងឲ្យដួងចិត្តគេអស់ក្ដីកង្វល់ យល់តែក្ដីរំភើបរីករាយឥតឧបមា។
ខណៈនោះ ទូរសព្ទរបស់មគ្គុទ្ទេសក៍ទេសចរណ៍វ័យក្មេងបន្លឺសំឡេងរោទ៍ឡើង។ នាងសូមទោសភ្ញៀវដើម្បី ទទួលទូរសព្ទ ហើយអត្ថន័យដែលនាងទទួលបានពីទូរសព្ទម្ខាងទៀតនោះធ្វើឲ្យនាងស្លុតរន្ធត់យ៉ាងខ្លាំង។ ឪពុករបស់នាងបានទុករូបកាយ និងដួងជីវិតនៅផ្សេងពីគ្នា ហើយគាត់កំពុងសម្រាកស្ដូកស្ដឹងលើគ្រែនៅឯស្រុកកំណើតរបស់នាង ខេត្តតាកែវ។
នារីសោយសោកស្លុតងងឹតមុខធេងធោង រហូតដួលនៅលើដៃវណ្ណសក្ដិដែលស្ទុះទៅទ្រ។ កំលោះនេះជួយ អង្រួនកាយ និងញាក់ស្មារតីរហូតនាងដឹងខ្លួនឡើងវិញ។
ទាំងយំហូរទឹកភ្នែកសស្រាក់ឥតស្រាកស្រាន្ត នាងសម្រេចចិត្តជួលរថយន្តឈ្នួលមួយជិះទៅតាកែវ។ គ្រានោះវណ្ណសក្ដិ ដោយក្ដីអាណិតអាសូរបានស្ម័គ្រចិត្តជូននាងទៅ ព្រោះឃើញនាងមានសភាពទន់ខ្សោយណាស់ទៅហើយទាំងកម្លាំងកាយ និងស្មារតី។ ពីដំបូង នារីទុក្ខព្រួយប្រកែក តែដោយវណ្ណសក្ដិទទូចសូមជូននាងទៅដោយស្មោះត្រង់ នាងក៏យល់ព្រម។ នៅតាមផ្លូវ នារីព្រាត់ឪពុកយំរហូត ទោះវណ្ណសក្ដិជួយលួងលោមយ៉ាងណាក៏មិនបាត់ដែរ។
ចេញពីសៀមរាបនៅម៉ោងបីរសៀល រថយន្តបានទៅដល់ក្រុងភ្នំពេញនៅម៉ោងប្រាំពីរកន្លះយប់។ ខណៈឆ្លងផុតក្រុងតាខ្មៅទៅ នៅតាមដងផ្លូវជាតិលេខពីរ ដោយអស់កម្លាំងទន់ខ្លួនពេក នារីយំយែកដេកលក់មួយភាំងៗ នៅលើស្មាបុរសដែលអាសូរនាងយ៉ាងខ្លាំងនោះដោយឥតដឹងខ្លួន។ មួយលើកៗ ក្លិនកេសាក្រអូបប្រហើរភាយចូលច្រមុះអ្នកកំលោះ ឯកាយនាងយោគកកិតស្រាលៗជាមួយកាយគេ ធ្វើឲ្យដួងចិត្តគេរំភើបនឹងក្ដីស្នេហាបន្តិចបន្តួច។ ពេលនេះ ដួងចិត្តគេធ្ងន់ពាប់ដោយសេចក្ដីអាណិតអាសូរចំពោះនាង។ ទោះបីជាគេខ្សោយខ្សោះអស់កម្លាំងយ៉ាងណាក្ដី នៅតែរង់ចាំការពារនាងជានិច្ច បីដូចបងប្រុសការពារប្អូនស្រី។
លំនៅរបស់នារីទន់ជ្រាយនេះស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខពីរហួសក្រុងតាកែវពីរគីឡូម៉ែត្រ។ រថយន្តបានទៅដល់គោលដៅនៅម៉ោងប្រាំបួនយប់។
គេហដ្ឋាននាងជាប្រភេទផ្ទះតៀមជញ្ជាំងក្ដារ និងដំបូលប្រក់ក្បឿង។ នៅទីនោះ មានភ្ញៀវមកច្រើនសុទ្ធតែទឹកមុខស្រងូតស្រងាត់ ពួកគេកំពុងស្ដាប់សំឡេងស្មូតកំណាព្យស្រងេះស្រងោចបន្លឺចេញពីឧគ្ឃោសនស័ព្ទ។
នារីកំព្រាដើរចូលទៅជិតឪពុកដែលកំពុងសម្រាន្តដណ្ដប់ភួយពណ៌ស។ យុវជនម្នាក់កំពុងយំអណ្ដឺតអណ្ដក ក្បែរបុរសសម្រាកស្ងៀមឥតកម្រើក គេគឺជាប្អូនប្រុសរបស់នាង។ នារីរងទុក្ខវិយោគលូកដៃទាញកំណាត់សចេញពីផ្ទៃមុខឪពុក ហើយទ្រោបឱបគាត់ទ្រហោយំខ្លាំងឡើង។ បន្ទាប់ពីអ្នកម្ដាយ នាងបាត់បង់ឪពុកម្នាក់ទៀតហើយ ជីវិតដណ្ដប់ដោយភាពកំព្រា។
ចំណែកកំលោះរួមដំណើរមកជាមួយនាងបានចូលទៅជិតនាង ហើយគេយំខ្សឹកខ្សួលដែរ បីដូចជាបុរសជរា ដែលឈប់ដកដង្ហើមនេះជាឪពុក ឬជាសាច់ញាតិរបស់គេពិតៗ។
អ្នកទេសចរជនជាតិឡាវម្នាក់នេះនៅរួមទុក្ខជាមួយនារីកំព្រារហូតដល់នាងរៀបចំពិធីបុណ្យខួបប្រាំពីរថ្ងៃនៃ មរណភាពឪពុករួច ទើបនាំគ្នាត្រឡប់ទៅក្រុងសៀមរាបវិញ។
អនុស្សាវរីយទាំងអម្បាលម៉ានបានចងភ្ជាប់ទំនាក់ទំនងរវាងក្រមុំកំលោះទាំងពីរឲ្យមានភាពជិតដិត ជឿទុកចិត្តគ្នា ប្រៀបដូចជាបងប្អូននឹងគ្នា។ លក្ខណៈសុភាព រម្យទមពិសេសសន្ដានចិត្តល្អជួយឈឺឆ្អាល យកចិត្ត ទុកដាក់លើរូបនាងគ្រាមានទុក្ខធ្វើឲ្យកល្យាណពេញចិត្ត និងមិនអាចបំភ្លេចបានចំពោះវណ្ណសក្ដិ។ ចំណែកវណ្ណសក្ដិវិញ ក៏ពេញចិត្តក្រមុំខ្មែរម្នាក់នេះខ្លាំងណាស់ដែរ។ អត្តចរិតស្រទន់ រួសរាយរាក់ទាក់ ពិសេសសោភ័ណភាពរាងកាយដ៏ល្អប្រផូររបស់នាង ប្រដូចបានដួងព្រះចន្ទ្រញញឹមបន្ទន់ភពផែនដី ដួងចិត្តរបស់គេឲ្យសុបិនឃើញពិភពស្នេហាថ្លាត្រចង់រុងរឿងដូចដួងតារា។ លើសពីនេះ ភាពកំព្រីកំព្រារបស់នាងធ្វើឲ្យគេអាណិតអាសូរ ភាពថ្លៃថ្នូរក្នុងការរស់នៅដោយពឹងផ្អែកលើការចេះដឹងរបស់ខ្លួន ធ្វើឲ្យគេថ្កើងនាងខ្ពស់កប់ពពក។
នៅថ្ងៃវណ្ណសក្ដិឡើងយន្តហោះត្រឡប់ទៅស្រុកវិញ កល្យាណបានទៅជូនដំណើរគេជាមួយផ្កាមួយបាច់។ នៅឈរទល់មុខគ្នា ពួកគេញញឹមដាក់គ្នា។ នារីហុចបាច់ផ្កាជូនទៅ បុរសក្មេងលូកដៃទទួលយកដោយក្ដីអំណរ។ ភ្លាមនោះ ស្រាប់តែវណ្ណសក្ដិហុចត្រឡប់ទៅឲ្យកល្យាណវិញទាំងពោល៖
«បងពេញចិត្តផ្កានេះណាស់ បងសូមជូនត្រឡប់ទៅអូនវិញ។»
នារីស្អាតទទួលយកបាច់ផ្កាទាំងឆ្ងល់ចំពោះកាយវិការរបស់កំលោះនេះ។ គេបាញ់ពន្លឺភ្នែកស្រទន់ចំកែវភ្នែក នាង ហើយពោលបន្ត៖
«នៅគ្រាចុងក្រោយនេះ បងចង់និយាយការពិតមួយចំពោះអូន គឺបងស្រឡាញ់អូន បងចង់មើលថែអូនអស់មួយជីវិត! អូនអាចឆ្លើយបានទេ តើអូនពេញចិត្តសំដីរបស់បងនេះទេ?»
បានស្ដាប់ភាសាស្នេហាជាលើកដំបូងនៅក្នុងជីវិតនេះ នារីសុភាពមានសភាពអៀនអន់បណ្ដាលឲ្យវង់ភក្ត្រប្រែក្រហមដូចផ្កាកុលាប។ នារីឱនមុខចុះទាំងដួងចិត្តបេះដូងញាប់ញ័ររំជើបរំជួល។ នាងចង់ឆ្លើយយ៉ាងណាក៏មិនរួច ហើយស៊ូទ្រាំនៅស្ងៀម។
ឃើញនាងនៅស្ងៀមបែបនេះ យុវជនត្រូវការស្នេហ៍អន្ទះសាក្នុងចិត្ត ចង់បានចម្លើយទាំងភ័យព្រួយខ្លាចនាង មិនពេញចិត្តខ្លួន។ គេតាំងចិត្តឲ្យក្លាហានលូកប្រអប់ដៃទាំងពីរទៅចាប់ប្រអប់ដៃនាងកាន់។ គេពោលម៉ឺង ម៉ាត់៖
«ឬមួយអូនមិនទុកចិត្តសំដីបង? បើអូនយល់ព្រម នៅពេលទៅដល់ប្រទេសឡាវ បងនឹងអញ្ជើញឪពុកម្ដាយ មកចូលស្ដីដណ្ដឹងអូនតាមប្រពៃណី រួចយើងនឹងរៀបការរួមជីវិត រួមលំនៅជាមួយគ្នា។ សូមអូនអាណិតផ្ដល់ចម្លើយដល់បងពេលនេះផង!»
នារីពេញចិត្តសំដីអ្នកកំលោះកាន់តែខ្លាំងឡើង នាងងើបមុខសម្លឹងមុខគេទាំងញញឹមងក់ក្បាលសំដែងការយល់ស្រប។ នាងពោលរាបសាមួយៗ៖
«អូនក៏ពេញចិត្តបងដែរ។ សូមពាក្យសំដីរបស់បងសុទ្ធតែជាពាក្យពិតទាំងអស់ទៅចុះ។ អូននឹងនៅរង់ចាំបងនៅទីនេះដោយស្មោះត្រង់។»
កំលោះជ័យលាភីស្នេហ៍រំភើបរីករាយស្ទើរហើបហោះបាន។ គេលើកដៃទាំងពីររបស់សង្សារមកថែថើបហាក់ចង់ស្រូបយករសស្នេហានេះយកទៅលាក់ទុកក្នុងបេះដូង។ គេពោល៖
«បងសូមអរគុណចំពោះទឹកចិត្តរបស់អូនចំពោះបងនេះ!»
ពេលវេលាមិននៅសល់ច្រើនទៀតទេ សម្រាប់ការចាកចេញដំណើររបស់អ្នកទេសចរជនជាតិឡាវវ័យក្មេង នេះ។ ពេលកាន់តែរួញខ្លី កាន់តែធ្វើឲ្យគូស្នេហ៍ថ្មីថ្មោងមិនចង់ឃ្លាតឃ្លាពីគ្នា។
ដោយក្ដីអាល័យអាឡោះ នឹកស្រណោះដល់គូសង្សារដែលត្រូវឃ្លាតចាកចោលទៅ នារីក្មេងរលីងរលោងទឹកភ្នែកពោលទាំងអួលដើមក៖
«សូមបងឆាប់ត្រឡប់មកវិញតាមពាក្យសន្យាណា សូមបងកុំភ្លេចនារីខ្មែរម្នាក់នេះណា!»
បុរសគូស្នេហ៍នឹកស្រណោះចំពោះសំដីនេះពេក ទប់ចិត្តមិនបានប្រែជាអួលអាក់ក្នុងចិត្តដែរ។ គេប្រឹងពោលបញ្ជាក់៖
«អូនកុំបារម្ភអី បងនឹងត្រឡប់មកវិញតាមពាក្យសន្យា!»
រួចគេលូកដៃទាំងពីរឱបក្រសោបប្រាណតូចរបស់សង្សារ រហូតរង្វង់ដៃនៅរួមតូច ហើយទាំងពីរនាក់ជូនពរ និងលាគ្នាជាចុងក្រោយ។
មួយខែក្រោយមក វណ្ណសក្ដិបានត្រឡប់មកកម្ពុជាវិញដូចការសន្យាជាមួយគូសង្សាររបស់គេដោយនាំមកទាំងឪពុកម្ដាយចូលស្ដីដណ្ដឹងនាងផង។
មួយខែបន្ទាប់មកទៀត អ្នកទាំងពីរបានរៀបការជាមួយគ្នា ដោយបុរសជាស្វាមីបានទិញផ្ទះល្អប្រណីតមួយ នៅជាយក្រុងសៀមរាបសម្រាប់ការរស់នៅរបស់ពួកគេ។
វណ្ណសក្ដិជានិស្សិតទើបបញ្ចប់ការសិក្សាផ្នែកទេសចរណ៍ ហើយដោយគេចាប់អារម្មណ៍នឹងវិស័យទេសចរណ៍នៅកម្ពុជាព្រះរាជាណាចក្រអច្ឆរិយ ពិសេសនៅក្រុងសៀមរាបទឹកដីប្រាសាទអង្គរវត្តដ៏ប្រណីតផងនោះ គេបានសម្រេចចិត្តចំណាយដើមទុនបើកក្រុមហ៊ុនទីភ្នាក់ងារទេសចរណ៍មួយនៅក្នុងក្រុងដ៏តូចនេះ។ វណ្ណសក្ដិ បានឲ្យភរិយាជាទីស្រឡាញ់របស់ខ្លួនជួយបម្រើការងារនៅក្នុងក្រុមហ៊ុននេះ។
ពីមួយថ្ងៃទៅមួយថ្ងៃ ក្រុមហ៊ុនទេសចរណ៍របស់គូស្នេហ៍នេះរីកចំរើនជាលំដាប់។ ពិសេសវណ្ណសក្ដិដែលមានស្រុកកំណើតនៅប្រទេសឡាវស្រាប់ បានខិតខំឃោសនាទាក់ទាញអ្នកទេសចរឡាវឲ្យមកទស្សនាប្រទេសកម្ពុជាបានយ៉ាងច្រើន។
ផ្លែផ្លានៃសេចក្ដីស្នេហានេះមួយទៀត គឺកូនស្រីម្នាក់មានអាយុមួយឆ្នាំហើយ។
និទានចប់សាច់រឿង អ្នកទាំងបីញញឹមដាក់គ្នាស្រស់ស្រាយ។ ពួកគេពេញចិត្តចំពោះពេលវេលាដែលផ្ដល់ឲ្យពួកគេនូវស្នេហា និងភាតរភាព។ ពិសេសទឹកដីអង្គរវត្តបានបង្រួបបង្រួមពួកគេក្នុងភាពជាភាតរដ៏ឧត្ដម៕
No comments
Post a Comment